Avatar

ស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ

Mapping Memories Cambodia (MMC) is a mobile app and website that tells place-based stories from the Khmer Rouge era. The website marks significant places from that time on the Cambodian map, and guides users to where historical events happened. Users can read and listen to stories told by survivors, experts, and historians in a multimedia format. All stories are written and produced by the youth who are interested and were factually verified by the Bophana Audiovisual Resource Center.

លោក រិទ្ធី ប៉ាន់ ស្ថាបនិកមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា

សាររបស់លោក ប៉ាន់ រិទ្ធី

«នៅពេលដែលយើងចងចាំ គឺយើងរារាំងទប់ទល់ចំពោះការលុបបំបាត់ការពិត»

ការចងចាំ គឺជារឿងដែលផុយស្រួយ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះនៃមនុស្សជាតិរបស់យើង។ នៅពេលដែលយើងចងចាំ គឺយើងយកមកវិញនូវសេចក្តីថ្លៃថ្នូរ។ នៅពេលដែលយើងចែករំលែកការចងចាំរបស់យើង គឺយើងចាប់ផ្តើមព្យាបាលផ្លូវចិត្តជាមួយគ្នា។ តាមរយៈស្នាដៃភាពយន្តរបស់ខ្ញុំដែលមានដូចជា«មន្ទីរស២១ : ម៉ាស៊ីនពិឃាតខ្មែរក្រហម» «ឌុចគ្រូលត់ដំនៅឋាននរក» «កង្វះរូបភាព» និង«ភៀសខ្លួន» ខ្ញុំបានព្យាយាមបង្ហាញនូវអ្វីដែលគេលាក់បាំងឬមិនធ្លាប់និយាយពីមុនមក ធ្វើឱ្យអ្នកដែលគេមើលមិនឃើញឬបំភ្លេចចោល មានឈ្មោះ មុខមាត់ និងកិត្តិយសឡើងវិញ។

 «រាល់ទង្វើនៃការចងចាំ ក៏ជាទង្វើនៃការបង្កើតដែរ»

«ទីចងចាំ» ជាការបន្តការងារសម្រាប់ការចងចាំក្នុងទម្រង់ថ្មី ដែលនាំយកការចងចាំទៅដាក់លើ ផែនទី លើអេក្រង់ នៅលើចុងម្រាមដៃរបស់មនុស្សជំនាន់ក្រោយ។ នៅពេលដែលបច្ចេកវិទ្យា​ចង្អុលបង្ហាញផ្លូវដោយមនសិការ វានឹងក្លាយជាស្ពានដែលផ្សារភ្ជាប់អតីតកាលនិងបច្ចុប្បន្នកាល ជាពិសេសមនុស្សវ័យចាស់និងយុវជន។ តាមរយៈ«ទីចងចាំ» យុវជនកម្ពុជាអាចធ្វើដំណើរជុំវិញប្រទេសកម្ពុជា និងស្វែងរករឿងរ៉ាវដែលគេសរសេរចងក្រង តាមរយៈការស្តាប់អ្នករស់រានមានជីវិត ការរៀនសូត្រពីសាក្សី ក៏ដូចជាការស្វែងយល់ថាប្រវត្តិសាស្រ្តមិនមែនមានតែនៅក្នុងសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែមាននៅក្នុងខ្លួនមនុស្សនិងទីកន្លែងផងដែរ។ «ទីចងចាំ» ទទួលស្គាល់នូវបទពិសោធដែលបានឆ្លងកាត់ របស់អ្នកដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ ហើយសម្រាប់អ្នកដែលកើតក្រោយសម័យខ្មែរក្រហម «ទីចងចាំ»បង្កើតនូវវេទិកានៃកិច្ចសន្ទនា។ ទាំងអស់គ្នា ចូលរួមបង្កើតនូវបណ្ណសារដ៏រស់រវើក​ ដែលនាំមកនូវការចងចាំ ការឆ្លុះបញ្ចាំង និងការកសាងអនាគតថ្មីឡើងវិញ។

«រក្សាការចងចាំ គឺកសាងអនាគតដែលកាន់តែមានមនុស្សធម៌»

លោក ជា​ សុភាព

សាររបស់លោក ជា សុភាព

«ទីចងចាំ» ជាថ្នាលឌីជីថលពិសេសមួយ ដែលជាស្ពានផ្សារភ្ជាប់រវាងអតីតកាលនិងបច្ចុប្បន្ន រវាងការចងចាំនិងការសិក្សារៀនសូត្រ។ តាមរយៈការដៅទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលជាប់ពាក់ព័ន្ធទៅនឹងរបបខ្មែរក្រហម «ទីចងចាំ»ជួយឱ្យប្រជាជនកម្ពុជាគ្រប់ជំនាន់ រកឃើញនិងឆ្លុះបញ្ចាំងឡើងវិញ ពីប្រវត្តិសាស្រ្តរួមរបស់ពួកគេ តាមរយៈរឿងរ៉ាវដែលចាក់ឫសនៅលើទីតាំងពិតនិងជីវិតពិត។

បេសកកម្មរបស់មជ្ឈមណ្ឌលបុប្ផាណា តែងតែផ្តោតសំខាន់លើការថែរក្សា ស្តារឡើងវិញ និងបញ្ជូនបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនានា ដែលមានដូចជាគម្រោង«ទីចងចាំ» និង «កម្មវិធីអេប-សិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម» យើងពង្រីកបេសកកម្មនេះ ទៅក្នុងយុគសម័យឌីជីថល ដែលធ្វើឱ្យប្រវត្តិសាស្ត្រអាចប្រើប្រាស់ ផ្ទៀងផ្ទាត់ និងចូលរួមបាន សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសយុវជនដែលមិនដែលធ្លាប់បានឆ្លងកាត់ពេលវេលានោះ។

នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ ការណ៍ដែលយើងដឹងថាយើងមកពីណា គឺសំខាន់ខ្លាំងណាស់ ក្នុងការស្វែងយល់ថាយើងជានរណា និងថាតើយើងត្រូវធ្វើបែបណា ដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀត។ «ទីចងចាំ» សូមអញ្ជើញទស្សនិកជនគ្រប់គ្នា ស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជា មិនត្រឹមតែតាមរយៈបណ្ណសារប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការចងចាំដ៏រស់រវើកដែលបន្តបង្កើតអត្តសញ្ញាណរួមរបស់យើងផងដែរ។