ដោយ ការីនិពន្ធ
ស្ពានជ្រោយចង្វារគឺជាស្ពានមួយឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់តំបន់ជ្រោយចង្វារមកកាន់រាជធានីភ្នំពេញ។ ស្ពាននេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់ជប៉ុនមួយដោយប្រើប្រាស់ថវិកាជាតិ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៧ ដោយមានឈ្មោះថា ស្ពានសង្គមរាស្ត្រនិយម។
កំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា ស្ពាននេះត្រូវបានបំផ្ទុះចំនួន២ដងគឺក្នុងឆ្នាំ១៩៧២ និង១៩៧៣ ដែលធ្វើឲ្យការធ្វើដំណើរតាមស្ពានត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ការខូចខាតទាំងនោះមិនបានជួសជុលភ្លាមៗ ក្រោយខ្មែរក្រហមត្រូវបានផ្តួលរំលំទេ គឺរហូតដល់ទសវត្សរ៍១៩៩០ ទើបស្ពាននេះត្រូវបានជួសជុលក្រោមជំនួយរបស់ប្រទេសជប៉ុន និងត្រូវបានសម្ភោធឲ្យប្រើប្រាស់ជាលើកទីពីរក្នុងឆ្នាំ១៩៩៤ ហើយត្រូវបានហៅថា “ស្ពានមិត្តភាពកម្ពុជា~ជប៉ុន”។
ក្នុងឆ្នាំ២០១៥ ស្ពានមួយទៀតឈ្មោះ “ស្ពានមិត្តភាពកម្ពុជា~ចិន” ឬ ស្ពានជ្រោយចង្វារទី២ ដែលសាងសង់អមនឹងស្ពានចាស់ ក្រោមកម្ចីរដ្ឋាភិបាលចិនត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ចេញចូលរាជធានីភ្នំពេញនិងផ្លូវជាតិលេខ៦។ នៅក្នុងឆ្នាំ២០១៦ ស្ពានមិត្តភាពកម្ពុជា~ជប៉ុន ត្រូវបានផ្អាកចររាចរណ៍ម្តងទៀតដើម្បីធ្វើការជួសជុល ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនក្នុងគម្រោងរយៈពេលប្រមាណ៣ឆ្នាំ៕