ដោយ ការីនិពន្ធ
ក្រៅពីដើរតួជាស្ថានទូតបារាំងនៅមុនរបបខ្មែរក្រហម ទឹកដីស្ថានទូតបារាំងក៏ត្រូវបានកត់សម្គាល់ ថាជាកន្លែងលេចធ្លោមួយក្នុងអំឡុងពេលកាន់កាប់និងដួលរលំនៃទីក្រុងភ្នំពេញ ដែលបានធ្វើឡើងដោយកងទ័ពខ្មែរក្រហម។ យោងតាមអ្នករស់រានមានជីវិតនិងសាក្សីបារាំងម្នាក់លោក ហ្វ្រង់ស្វ័រ ប៉ុងសូដ (Francois Ponchaud) ដែលក្រោយមកបាននិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា “ប្រទេសកម្ពុជាឆ្នាំសូន្យ” បានឲ្យដឹងថា ស្ថានទូតបារាំងក្នុងកំឡុងការដួលរលំនៃរាជធានីភ្នំពេញ គឺជាកន្លែងសំខាន់មួយសម្រាប់ការជម្លៀសជនបរទេសចេញពីកម្ពុជា នៅក្នុងចន្លោះរវាងខែមេសានិងឧសភា ឆ្នាំ១៩៧៥។ ក្នុងចំណោមនោះ ក៏មានប្រជាជនកម្ពុជាមួយចំនួន ដែលស្វែងរកការភៀសខ្លួននៅទីនោះដែរ។ លោកបានរំឭកថា ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជារលកជម្លៀសជនបរទេសលើកទី១។ លើកទីពីរគឺនៅថ្ងៃទី៧ ខែឧសភា និងម្តងទៀតគឺនៅថ្ងៃទី២៣ ឬ ២៤ ខែឧសភា។ លោកបានអះអាងថាមានតែស្រ្តីកម្ពុជាដែលបានរៀបការជាមួយបុរសបារាំងប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេស ខណៈដែលបុរសកម្ពុជាដែលបានរៀបការជាមួយស្ត្រីបារាំងត្រូវបានបង្ខំឱ្យបែកពីភរិយានិងក្រុមគ្រួសាររបស់ខ្លួននិងបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាតទៅទៀត។
មានចម្លាក់សហសម័យមួយនៃមនុស្សដាំក្បាលចុះក្រោមជានិមិត្តរូបនៃការក្រឡាប់ចាក់ ដែលបានកើតឡើងនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ ចម្លាក់ដែលមានឈ្មោះថា «ចំពោះអ្នកដែលលែងនៅទីនេះទៀតហើយ» ធ្វើឡើងដោយសិល្បករ អ៊ឹង ភូសេរ៉ា ជាកូនខ្មែរកាត់បារាំង មានឪពុកជាជនជាតិខ្មែរ ហើយបានបែកគ្នានៅស្ថានទូតបារាំងនាពេលនោះ ដោយសារតែខ្មែរក្រហមមិនអនុញ្ញាតឲ្យឪពុករបស់លោកចាកចេញពីប្រទេសកម្ពុជាជាមួយក្រុមគ្រួសារ។ ចម្លាក់សហសម័យនេះត្រូវបានគេប្រារព្ធសម្ភោធនៅសួនច្បារមុខស្ថានទូតបារាំងមុននឹងត្រូវបានផ្លាស់ទៅដាក់នៅក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៕