សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ដោយ MMC Editorial
មន្ទីរស-២១ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៧៥។ ទីនោះគឺជាកន្លែងធ្វើទារុណកម្ម សួរចម្លើយ ឃុំឃាំង និងសម្លាប់ សមាជិកកម្មាភិបាលខ្មែរក្រហមជាច្រើន។
ទីតាំងនៃមន្ទីរសន្តិសុខនេះមានការផ្លាស់ប្តូរច្រើនដង។ ដំបូងឡើយ បរិវេណនៃមន្ទីរស-២១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ហើយការឃុំឃាំងនិងសួរចម្លើយអ្នកទោសត្រូវធ្វើឡើងនៅប្លុកផ្ទះ នៅរវាងផ្លូវ១៦៣ កែងផ្លូវ៣៦០។ នៅចុងខែវិច្ឆិកា ឆ្នាំ១៩៧៥ មន្ទីរនេះបានផ្លាស់ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិតាមបណ្តោផ្លូវប៉ាស្ទ័រ (បច្ចុប្បន្នផ្សារ Golden Sorya Mall) ប៉ុន្តែបានប្តូរមកកាន់ទីតាំងចាស់វិញនៅខែមករា ឆ្នាំ១៩៧៦។ នាខែមេសា ឆ្នាំ១៩៧៦ មន្ទីរស-២១បានផ្លាស់ទៅវិទ្យាល័យពញ្ញាយ៉ាត ដែលបច្ចុប្បន្នជាទីតាំងសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ទីនោះមានភាពងាយស្រួលក្នុងការសួរចម្លើយអ្នកទោស និងការពារការលួចរត់។ ផ្ទះនៅជុំវិញបរិវេណនៃវិទ្យាល័យពញ្ញាយ៉ាត ក៏ស្ថិតនៅក្នុងការប្រើប្រាស់ដោយមន្ទីរស-២១ ដូចជាផ្ទះសម្រាប់សួរសម្លើយ រោងបាយសម្រាប់បុគ្គលិកមន្ទីរ កន្លែងសម្លាប់ កន្លែងដាក់ឱសថ ផ្ទះទទួលអ្នកទោស ព្រមទាំងផ្ទះនិងការិយាល័យរបស់ឌុច។ គុកពិសេសនៅក្រៅរបងសាលាពញ្ញាយ៉ាត គឺសម្រាប់ជនបរទេសនិងអតីតបុគ្គលិកមន្ទីរស-២១។
ការផ្លាស់ប្តូរទៅទីតាំងចុងក្រោយនេះធ្វើឲ្យការរក្សាការសម្ងាត់នៃប្រតិបត្តិការនៅមន្ទីរស-២១ មានលក្ខណៈសំខាន់បំផុត។ បុគ្គលិកនៃមន្ទីរនេះមិនអាចដើរហើរសេរី ឬមានទំនាក់ទំនងជាមួយអ្នកនៅក្រៅមន្ទីរដោយគ្មានការអនុញ្ញាតឡើយ។
នៅក្នុងវិទ្យាល័យពញ្ញាយ៉ាតមានអាគារធំៗចំនួន ៥។ យោងតាមការិយាល័យសហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាកាកម្ពុជា ក្នុងបញ្ជីឈ្មោះអ្នកទោស ស.២១ ដែលបានកំណត់អត្តសញ្ញាណអ្នកទោសសរុបចំនួន ១៨ ០៦៣ នាក់។ មានតែអ្នកទោសប្រមាណ១៤ នាក់តែប៉ុណ្ណោះដែលបានរួចផុតពីគុកនេះ បន្ទាប់ពីការដួលរលំរបស់ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕