វត្តសុរភី ឬវត្តកកោះ គឺជាទីតាំងពិឃាតមួយក្នុងចំណោមទីតាំងពីរដែលមានការសម្លាប់ មនុស្សយ៉ាង ច្រើននៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលជាភូមិភាគនិរតីក្នុងសម័យខ្មែរក្រហម។ នៅក្នុងរបាយការណ៍ ស្តីពីទីតាំងពិឃាតនៅស្រុកបាទី ដែលបានចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយបានសម្ភាស អ្នកនៅរស់រានមានជីវិតពីការជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខវត្តកកោះនេះបានឲ្យដឹងថា ការសម្លាប់ចាប់ ផ្តើមមានឡើងតាំងពីចុងឆ្នាំ១៩៧៣ ខណៈតំបន់នេះស្ថិតនៅក្នុងតំបន់រំដោះ។ នៅក្នុងវត្តនេះ មាន បូជនីយដ្ឋានតំកល់ឆ្អឹងជនរងគ្រោះមួយកន្លែងដែលប្រជាជនរស់នៅជុំវិញវត្តបានគាស់យកឆ្អឹងចេញពីរណ្តៅសាកសពដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ អគារមួយចំនួននៅក្នុងវត្តនេះ ត្រូវបានទុកចោល ដោយសារតែមានអគារថ្មីៗជាច្រើនត្រូវបានសាងសង់ឡើងវិញ។