ដោយ ប៊ុន សៅសុភនាថ, សេង សូលីដែត
កាលពីមុន អាងកំពីងពួយគ្រាន់តែជាទីវាលព្រៃហោង រហូតដល់មាន មនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឲ្យ ធ្វើការហួសកម្លាំង ដើម្បីសាងសង់ អាងមួយនេះ។ អាងនេះ ជាគម្រោងមួយនៃ គម្រោងសាងសង់ទំនប់អាងទឹកធំៗ នៅសម័យខ្មែរក្រហម។ ក្នុងចំណោមប្រជាជនជាច្រើន ដែលធ្វើការនៅអាងនេះ អ្នកស្រី ម៉េង ឆន មិនត្រឹមតែត្រូវបានបង្ខំឲ្យធ្វើការតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឲ្យរៀបការ ដែលជាលទ្ធផលនៃការបែកបាក់គ្រួសារ និងការស្លាប់កូនរបស់គាត់។ ខ្សែភាពយន្តឯកសារនេះ បង្ហាញអំពីការចងចាំដែលមិនអាចបំភ្លេចបានរបស់អ្នកស្រី ម៉េង ឆន និង ការវិលត្រលប់ទៅអាងនោះវិញ ដើម្បីកសាងជីវិតថ្មី។