ដោយ ការីនិពន្ធ
នៅក្នុងសម័យខ្មែរក្រហម ទំហំពិតប្រាកដនៃតំបន់បឹងត្របែក គឺធំលើសពីវិទ្យាល័យបឹងត្របែកសព្វថ្ងៃនេះ។ តំបន់បឹងត្របែកខាងត្បូងឬមន្ទីរ ក.១៧ លាតសន្ធឹងចាប់ពីប៉ែកខាងស្តាំរង្វង់មូលផ្សារដើមថ្កូវ។ បញ្ញវន្តខ្មែរជាច្រើននាក់ត្រូវបានបញ្ជូនបន្តពីមន្ទីរ ក.១៥ មកស្នាក់នៅក្នុងផ្ទះនិងតាមសាលារៀននៃបរិវេណតំបន់បឹងត្របែកនេះ។
មន្ទីរនេះបែកចែកជា៣ មន្ទីរតូចៗទៀត និងខណ្ឌចែកតាមរយៈរបងកំពស់ជាង ២ម៉ែត្រនិងលួសបន្លា។ អ្នកស្នាក់នៅទីនោះត្រូវបញ្ជូនទៅដាំបន្លែ សម្រាប់ចិញ្ចឹមអ្នករស់នៅក្នុងបរិវេណនោះ ឬបញ្ចូនទៅធ្វើពលកម្មធ្ងន់ធ្ងរនៅតំបន់ឆ្ងាយក្នុងរយៈពេលកំណត់មួយ។
រចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងអនុវត្តដោយខ្មែរក្រហម គឺពួកគេជ្រើសរើសមេក្រុមពីចំណោមអ្នកបញ្ញវន្តឲ្យគ្រប់គ្រងអ្នកដទៃទៀត។ តាមរយៈការចងក្រងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញថាមានបញ្ញវន្ត ២៣២ នាក់បានត្រលប់មកកម្ពុជាវិញក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦៕