សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ដោយ ថាំង សុខឬទ្ធិ៊ និង ទ្រីសុជាតា
សារមន្ទីរទួលស្លែងមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ។ វាជាកន្លែងនៃការចងចាំរបស់ មន្ទីរ ស-២១ ដែលជាមន្ទីរសន្តិសុខដ៏ឃោរឃៅនិងសំងាត់បំផុតរបស់របបខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្លាស់ប្តូរអតីតវិទ្យាល័យពញាយ៉ាត ទៅជាគុកកន្លែងឃុំឃាំង សួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលអ្នកទោសសារភាព ហើយដាក់ឈ្មោះកន្លែងនេះ មន្ទីរសន្តិសុខ ស-២១។ គុកនេះត្រូវគេហៅជាទូទៅថា គុកទួលស្លែង។ ក្រៅពីឈ្មោះជាមន្ទីរសន្តិសុខ ស-២១ ត្រូវបានគេហៅថាជាកន្លែងដែលអាចចូល តែមិនអាចចេញ។
លោក យិន នាន ជាជនរងគ្រោះ និងជាអ្នកនៅរស់រានពីសម័យខ្មែរក្រហម។ គាត់ចាប់ផ្តើមការងារ នៅសារមន្ទីរទួលស្លែងក្នុងឆ្នាំ១៩៨២ ហើយក្លាយជាអ្នករក្សាឯកសារមួយរូបនៅទីនោះ។