ដោយ ការីនិពន្ធ
អាងទឹកត្រពាំងថ្ម ឬអាងត្រពាំងថ្ម ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតធំមួយដែលបច្ចុប្បន្នមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មិនឆ្ងាយប៉ុន្មានពីទីរួមស្រុក ដែលជាកូនក្រុងតូចមួយមានគូទឹកព័ទ្ធជុំវិញ។ កំណើតអាងទឹកទំហំធំមួយនេះមានដំណើរផ្ដើមចេញពីសម័យអង្គរមកម្ល៉េះដោយមានផ្លូវបុរាណកាត់លើខ្នងទំនប់ជាមាគ៌ាធ្វើដំណើរពីទីក្រុងយសោធបុរៈ (ក្រុងសៀមរាប) ទៅកាន់តំបន់ប្រាសាទបន្ទាយឆ្មារ និងភូមិសាស្ត្រដទៃទៀតនៅខ្ពង់រាបប៉ែកឥសានប្រទេសថៃ។
ពីពេលដើមដំបូងមកដល់សម័យសង្គ្រាមដែលចាប់ផ្ដើមពេញបន្ទុកនៅឆ្នាំ១៩៧០ អាងនេះមិនទាន់មានជាទម្រង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាក់ស្ដែងបម្រើឱ្យការស្រោចស្រពនៅឡើយ ហើយដោយមើលឃើញពីសក្តានុពលនៃទីតាំងប្រភពទឹកដែលមានស្រាប់ និងតំបន់ធ្វើកសិកម្មដំណាំស្រូវដែលនៅជុំវិញ របបកម្ពុជាប្រជាធិបតេយ្យដែលបានចូលមកកាន់អំណាចនៅឆ្នាំ១៩៧៥ បានផ្ដួចផ្ដើមគំនិតអនុវត្តគំរោងលើកផ្លូវបុរាណដែលរត់ពីកើតទៅលិចកាត់ពីខាងត្បូងអាងឱ្យខ្ពស់បានប្រវែង១១គីឡូម៉ែត្រ និងលើកទំនប់មួយទៀតពីខាងកើតប្រវែង ៧គីឡូម៉ែត្រ។
ខ្មែរក្រហមមានបំណងចង់ប្រែក្លាយទីតាំងនេះឲ្យទៅជាទំនប់រក្សាទឹកទុកធ្វើកសិកម្ម ប៉ុន្តែជាអកុសល គម្រោងទាំងមូលមិនបានប្រព្រឹត្តទៅដោយគោរពតាមបទដ្ឋានលក្ខន្តិកៈបច្ចេកទេសវិស្វកម្មត្រឹមត្រូវឡើយ ហើយប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានបង្ខំឲ្យទៅអនុវត្តគម្រោងសាងសង់នេះដោយប្រើកម្លាំងពលកម្មដោយផ្ទាល់ ក្រោមរូបភាពជំរុំការងារប្រមូលផ្ដុំ ដែលនាំឱ្យពលរដ្ឋអ្នកសង់ទំនប់ជាច្រើនពាន់នាក់ត្រូវបាត់បង់ជីវិតដោយសារតែជំងឺ ការបាក់កម្លាំង និងការប្រហារជីវិតក្រៅប្រព័ន្ធច្បាប់។
បើយោងតាម សាលាក្ដីខ្មែរក្រហម អ្នកស្រី អ៊ីម ចែម ដែលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាលេខាស្រុកព្រះនេត្រព្រះ និងជាលេខារងតំបន់៥ ភូមិភាគពាយព្យ ជាអ្នកមើលការខុសត្រូវលើការងារសាងសង់ទំនប់នេះ។ ការជាប់ពាក់ព័ន្ធរបស់អ្នកស្រី អ៊ីម ចែម លើការងារសាងសង់ទំនប់នេះ និងការងារមួយចំនួនផ្សេងទៀតបាននាំឱ្យអ្នកស្រីក្លាយជាជនសង្ស័យក្នុងសំណុំរឿង០០៤/០១ ប៉ុន្តែក្រោយមកសំណុំរឿងប្រឆាំងអ្នកស្រីត្រូវបានទម្លាក់ចោលដោយតុលាការដែលមានដែនយុត្តាធិការលើអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។
បច្ចុប្បន្ន អាងទឹកត្រពាំងថ្មដែលមានទំហំនិងមានលទ្ធភាពស្តុកទឹកបាន ៨៥លាន ម៉ែត្រគូប ត្រូវបានជួសជុលបំពេញបន្ថែមជាបន្តបន្ទាប់និងបានបម្រើជាប្រភពទឹកស្រោចស្រពវាលស្រែដ៏ធំល្វឹងល្វើយប៉ែកខាងកើតនៃខេត្តបន្ទាយមានជ័យយ៉ាងហោច ៣៥ ០០០ ហិកតា។ អាងនេះក៏ជាទីតាំងជីវៈចម្រុះដែលត្រូវបានចុះបញ្ជីជាតំបន់អភិរក្សសត្វក្រៀលដែលជាប្រភេទបក្សីកម្រផងដែរ៕