ដោយ រ៉ាវី សុភារ័ត្ន, នៅ ស៊ីណា
ត្រពាំងថ្មគឺជាវីដេអូឯកសារដែលបង្ហាញពីបទពិសោធន៍របស់ប្រជាជនកម្ពុជាដែលត្រូវបានបង្ខំឱ្យធ្វើការនៅទាំងថ្ងៃទាំងយប់ដើម្បីជីកទំនប់ដ៏ធំមួយ ដែលមានទីតាំងនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ វីដេអូឯកសារនេះនឹងបង្ហាញពីការរៀបរាប់រឿងរ៉ាវរបស់ប្រជាជន ដែលជាអ្នកជីកទំនប់អាងត្រពាំងថ្ម ហើយបានរស់រានមាន ជីវិតពីការធ្វើការងារលើសកម្រិត និងការស្រេកឃ្លាន ព្រមទាំងការគំរាមកំហែងនានានៅក្នុងរបបខ្មែរក្រហម។ ការផលិត វីដេអូគឺមានគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីទីកន្លែងដ៏សំខាន់នៃប្រវត្តិសាស្ត្រជូរចត់របស់អាងត្រពាំងថ្មដែលប្រវត្តិសាស្រ្តនេះ សព្វថ្ងៃត្រូវបានកប់បន្តិចម្តងៗ។ ជាសក្ខីភាព ភាគច្រើននៃការរៀបរាប់ពីអាងត្រពាំងថ្មគឺគេតែងលើកឡើងថា វាគឺជាកន្លែង ដើម្បីមើលបក្សីទឹកជាជាងការយល់ដឹងពីប្រវត្តិរបស់អាងនេះទៅវិញ។ ជាមួយគ្នានេះដែរ វីដេអូនេះក៏ជាឯកសារ ឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធរបស់ប្រជាជនរាប់ម៉ឺននាក់ផងដែរ។