ស្ថានទូតអាមេរិកក្នុងសម័យសាធារណៈរដ្ឋកម្ពុជា
ស្ថានទូតអាមេរិកមានទីតាំង៤ផ្សេងៗគ្នាទៅតាមសម័យកាលនានានៃប្រវត្តិសាស្ត្រកម្ពុជា។ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិក ស្ថានទូតអាមេរិកស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមកែងនឹងមហាវិថីសុធារស។ បច្ចុប្បន្នទីតាំងនេះ គឺជារដ្ឋបាលជលផល។ នាពេលព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ គឺ៥ថ្ងៃមុនការដួលរលំនៃរាជធានីភ្នំពេញ រដ្ឋាភិបាលអាមេរិកបានជម្លៀសបុគ្គលិកទូត ប្រជាពលរដ្ឋអាមេរិក ព្រមទាំងជនជាតិកម្ពុជាដែលមានទំនាក់ទំនងជាមួយអាមេរិកមួយចំនួន ចេញពីប្រទេសកម្ពុជាតាមរយៈប្រតិបត្តិការ Operation Eagle Pull តាមរយៈការដឹកតាមឧទ្ធម្ភាគចក្រចំនួន ១២គ្រឿងពីទីតាំងពីរកន្លែងស្ថិតនៅក្បែរស្ថានទូត។ អាមេរិកបានបន្តទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩២ ហើយទីតាំងស្ថានទូតបច្ចុប្បន្នស្ថិតតាមបណ្តោយផ្លូវលេខ ៩៦ នៅក្បែររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។