សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ដោយ MMC Editorial

(រូបថត​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

មន្ទីរ​ស-២១ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​១៩៧៥។ ទីនោះគឺជាកន្លែងធ្វើទារុណកម្ម សួរចម្លើយ ឃុំឃាំង និងសម្លាប់ សមាជិកកម្មាភិបាលខ្មែរក្រហមជាច្រើន។

ទីតាំង​នៃ​មន្ទីរ​សន្តិសុខ​នេះ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ដង។  ដំបូង​ឡើយ ​បរិវេណ​នៃ​មន្ទីរ​​​ស-២១ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​៣ ហើយ​ការ​ឃុំឃាំង​និងសួរ​ចម្លើយ​អ្នក​ទោស​ត្រូវ​ធ្វើ​ឡើង​នៅ​ប្លុក​ផ្ទះ​ នៅ​រវាង​ផ្លូវ​១៦៣ ​កែង​ផ្លូវ​៣៦០។ នៅ​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៧៥ មន្ទីរ​នេះ​បាន​ផ្លាស់​ទៅ​កាន់អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​តាម​បណ្តោ​ផ្លូវ​ប៉ាស្ទ័រ​ (បច្ចុប្បន្ន​ផ្សារ​ Golden Sorya Mall)  ប៉ុន្តែ​បាន​ប្តូរ​មក​កាន់​ទី​តាំង​ចាស់​វិញនៅ​ខែ​មករា​ ឆ្នាំ​១៩៧៦។ នា​ខែ​មេសា​ ឆ្នាំ​១៩៧៦ មន្ទីរ​ស-២១​បាន​ផ្លាស់​ទៅ​​វិទ្យាល័យ​ពញ្ញាយ៉ាត​ ដែលបច្ចុប្បន្ន​ជា​ទីតាំង​​សារៈ​មន្ទីរឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង។ ​ទី​នោះ​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សួរ​ចម្លើយ​អ្នក​ទោស​ និង​ការពារ​ការ​លួច​រត់។ ផ្ទះ​នៅ​ជុំវិញ​បរិវេណ​នៃ​វិទ្យាល័យ​ពញ្ញាយ៉ាត​ ក៏​ស្ថិត​នៅ​ក្នុង​ការ​ប្រើប្រាស់​ដោយ​មន្ទីរ​ស-២១​ ដូច​ជា​ផ្ទះ​សម្រាប់​សួរ​សម្លើយ​ រោង​បាយ​សម្រាប់​បុគ្គលិក​មន្ទីរ​ កន្លែង​សម្លាប់​ កន្លែង​ដាក់ឱសថ ផ្ទះ​ទទួល​អ្នក​ទោស​ ព្រម​ទាំងផ្ទះ​និង​ការិយាល័យ​របស់​ឌុច​។ គុក​ពិសេស​នៅ​ក្រៅ​របង​សាលា​ពញ្ញាយ៉ាត​ គឺ​សម្រាប់​ជន​បរទេស​និង​អតីត​បុគ្គលិក​មន្ទីរ​ស-២១​។

ការ​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ចុង​ក្រោយ​នេះធ្វើ​ឲ្យ​​ការ​រក្សា​ការ​​សម្ងាត់​​នៃ​ប្រតិបត្តិការ​នៅ​មន្ទីរ​ស-២១​ មាន​លក្ខណៈសំខាន់​បំផុត​។ បុគ្គលិក​នៃ​មន្ទីរ​នេះ​មិន​អាច​​ដើរ​ហើរ​សេរី​ ឬ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​នៅ​ក្រៅ​មន្ទីរ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ។

នៅ​ក្នុង​វិទ្យាល័យ​ពញ្ញាយ៉ាត​មានអាគារធំៗចំនួន ៥។ យោងតាមការិយាល័យសហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាកា​កម្ពុជា​ ក្នុង​បញ្ជីឈ្មោះអ្នកទោស ស.២១ ដែលបានកំណត់អត្តសញ្ញាណអ្នកទោសសរុបចំនួន ១៨ ០៦៣ នាក់។ មានតែអ្នកទោសប្រមាណ១៤ នាក់តែប៉ុណ្ណោះដែលបានរួចផុតពីគុកនេះ បន្ទាប់ពីការដួលរលំរបស់ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ