ដោយ ការីនិពន្ធ
ការធ្វើដំណើរតាមរថភ្លើងនៅតែដំណើរការនាសម័យខ្មែរក្រហម។ ការជម្លៀសមនុស្សលក្ខណៈទ្រង់ទ្រាយធំនៅតែមានបន្ទាប់ពីការជម្លៀសមនុស្សចេញពីរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មានមនុស្សប្រមាណកន្លះលាននាក់ត្រូវបានជម្លៀសដោយបង្ខំជាលើកទីពីរទៅកាន់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា ដោយត្រូវបានដឹកតាមរថភ្លើងក្នុងចន្លោះរវាងពីចុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧។
នាពេលចុងក្រោយបង្អស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ការធ្វើដំណើរតាមរថភ្លើងនៅតែដើរតួសំខាន់ ខណៈប្រទេសវៀតណាមបានវាយចូលប្រទេសកម្ពុជា។ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទូររថភ្លើងពីរបានដឹកខ្មែរក្រហមចាកចេញពីរាជធានីភ្នំពេញតាមខ្សែរថភ្លើងដែលឆ្ពោះទៅកាន់ព្រំដែនខ្មែរ-ថៃ។
រថភ្លើងដឹកអ្នកដំណើរបានបញ្ឈប់ការដឹកអ្នកដំណើរទាំងស្រុងក្នុងឆ្នាំ២០០៣ ដោយសារសភាពចាស់ទ្រុឌទ្រោមនិងខូចខាតដោយសារសង្គ្រាម។ សកម្មភាពដឹកអ្នកដំណើរបានបន្តវិញក្នុងឆ្នាំ២០១៦សម្រាប់ខ្សែដែលឆ្ពោះទៅកាន់ខេត្តព្រះសីហនុ និងបន្តដំណើរការខ្សែដែលឆ្ពោះទៅកាន់ព្រំដែនខ្មែរ-ថៃ នាឆ្នាំ២០១៨៕