អង្គការចិត្តសង្គម អន្តរវប្បធម៌
ដោយ ហេង ហ្សូលី
របបកម្ពុជាប្រជាធិបតេយ្យបានចាប់ផ្តើមឡើងក្នុងឆ្នាំ១៩៧៥ និងមានរយៈពេលដល់ទៅ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ ប្រជាជនបានជួបសោកនាដកម្មជាច្រើនរាប់មិនអស់ដូចជា ភាពអត់ឃ្លាន ការព្រាត់ប្រាសក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ការបង្ខំឲ្យធ្វើការហួសកម្លាំង និងទទួលទារុណកម្មជាច្រើនអនេក។ យ៉ាងណាមិញ ការបៀតបៀនផ្លូវភេទក៏ជាករណីមួយដែលធ្វើឲ្យជនរងគ្រោះមួយចំនួនរងទុក្ខតាំងពីសម័យនោះ រហូតមកដល់សព្វថ្ងៃផងដែរ។ វាមិនត្រឹមតែផ្តល់ផលប៉ះពាល់ផ្នែករាងកាយប៉ុណ្ណោះទេ សូម្បីតែផ្នែកផ្លូវចិត្តក៏រងការប៉ះទង្គិចដូចគ្នាដែរ។ អ្នកស្រី ចាន់ ផៃ ត្រូវបានកម្មាភិបាលខ្មែរក្រហមចាប់បង្ខំឲ្យរៀបការទោះបីជាគាត់មាន ប្តីរស់ជាមួយក៏ដោយ។ រឿងរ៉ាវនេះបានធ្វើឲ្យអ្នកស្រីទទួលផលវិបាកជាច្រើនទាំងផ្លូវកាយនិងផ្លូវចិត្ត។