គុកងងឹត

ស្រុកព្រៃកប្បាស

ដោយ ម៉េង សុខហ៊ួយ

ផ្លូវលំដែលជាផ្លូវចូលទៅកាន់អតីតគុកនៅក្នុងសម័យខ្មែរក្រហម។

យោង​តាម​សៀវភៅ​ “ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩)” បោះ​ពុម្ព​ក្នុង​ឆ្នាំ​២០០៧​ ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ មាន​គុក​ប្រមាណ​២០០​កន្លែង​ ដែល​បាន​រក​ឃើញ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ យ៉ាងណាមិញ​ ការ​រក​ឃើញ​គុក​ទាំង​អស់​នេះ​ ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នៅ​តែ​មាន​គុក​មួយ​ចំនួន​ទៀត​មិន​ត្រូវ​បាន​ដឹង​ និង​រាប់​បញ្ចូល​​ ដោយ​មូលហេតុ​ថា​​តែ​គុក​ខ្លះ​នោះ ​​ត្រូវ​បាន​បំផ្លាញ​ដោយ​មិន​មាន​សេស​សល់​ដាន​ថា​ជា​គុក​ទៀត​ឡើយ​ ។ ចំណែក​គុក​ខ្លះ​ទៀត​ ក៏​ត្រូវ​បាន​បំប្លែង​ និង​យក​ទៅ​ប្រើ​ប្រាស់​ផ្សេង​ៗ​ ដូចជា​យក​ទៅ​ធ្វើ​ជា​សាលា​រៀន​ ឬ​មន្ទីរពេទ្យ​ជា​ដើម​។

ជា​តួ​យ៉ាង​ គុក​តូច​មួយ​ក្នុង​ភូមិ​ឫស្សី​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​ ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា​​គុក​ងងឹត​។ ព័ត៌មាន​ទាក់​ទង​នឹង​គុក​ងងឹត​នេះ​ គឺ​កាន់​តែ​រក​ពន្លឺ​ស្ទើរ​មិន​ឃើញ​ទាល់​តែ​សោះ​។

គុក​ងងឹត​ គឺ​ជា​ឈ្មោះ​ដែល​អ្នក​ភូមិ​ហៅ​ មន្ទីរ​ឃុំ​ឃាំង​ក្នុង​របប​​ខ្មែរ​ក្រហម​ ក្រោយ​ពី​របប​ដ៏​ឃោរឃៅ​នេះ​​ដួល​រលំ​។ គុក​មួយ​នេះ​ស្ថិត​ក្នុង​ភូមិ​ឫស្សី​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​ ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ប្រមាណ​ ៤៧៧០ នាក់​, យោង​តាម​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។

យ៉ាងណាមិញ​ រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ពាក់​ព័ន្ធ​នឹង​គុក​នេះ​ គឺ​ស្ទើរ​តែ​គ្មាន​អ្នក​ជំនាន់​ក្រោយ​ណា​ម្នាក់​បាន​ដឹង​ឮ​សោះ​ឡើយ​ ព្រោះ​អតីត​គុក​នេះ​ ត្រូវ​បាន​បម្លែង​ទៅ​ជា​​រោង​បាយ​​​នៃ​ផ្ទះ​មួយ​ក្នុង​ភូមិ​ទៅ​ហើយ​។ បច្ចុប្បន្ន​នេះ​ ពុំ​សូវ​មាន​​អ្នក​និយាយ​រឿង​រ៉ាវ​អំពី​កន្លែង​នេះ​ថា​ជា​គុក​ក្រោម​ដី​ ក្នុង​សម័យ​ខ្មែរ​ក្រហម​ទៀត​ទេ​។

ក្រោយ​ពី​​​របប​ខ្មែរ​ក្រហម​បាន​បញ្ចប់​ អ្នកស្រី​ ឆេង​ គីម​វួច​ ជា​ម្ចាស់​ផ្ទះ​បាន​ចង្អុល​ប្រាប់​ពី​គុក​នេះ​ ថា​ ៖ «លុប​បាត់​អស់​ហើយ​ហ្នឹង។ នៅ​ម្ដុំ អញ​ធ្វើ​រោង​បាយ​អស់​ហើយ​ហ្នឹង​។ ហ្នឹង​ហើយ​ រោង​បាយ​ជិត​ឈឹង​អស់​ហើយ​ គ្មាន​អី​ទៀត​។»

ក្នុង​របប​ខ្មែរ​ក្រហម​ គុក​គឺ​ត្រូវ​បាន​គេ​ហៅ​ថា​ “មន្ទីរ​សន្តិសុខ​” ឬ​ “មន្ទីរ​សន្តិបាល​” ។ គុក​នៅ​ជំនាន់​នោះ​ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ឃុំឃាំង​ សូរ​ចម្លើយ​ និង​ធ្វើ​ទារុណកម្ម​។ គុក​ត្រូវ​បាន​បែង​ចែក​ជា​៥​លំដាប់​​ថ្នាក់​ រួមមាន​៖ ថ្នាក់​ភូមិ​ ថ្នាក់​ឃុំ​​ ថ្នាក់​ស្រុក ​ ថ្នាក់​តំបន់​ និង​ថ្នាក់​មជ្ឈិម​។

លោក​ ឆាំង​ យុ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ពាក្យ​ «មន្ទីរ​សន្តិសុខ​»​ គឺ​ត្រូវ​បាន​ប្រើ​ជំនួស​ពាក្យ​ «គុក​» ក្នុង​របប​ខ្មែរ​ក្រហម​។ ក្រៅ​លំដាប់​ថ្នាក់​មន្ទីរ​សន្តិសុខ​ទាំង​៥​ខាង​លើ​នេះ​ ក៏​នៅ​មាន​លំដាប់​ថ្នាក់​តូច​ៗ​ផ្សេង​ទៀត​ ដូចជា​ មន្ទីរ​អប់​រំ​ មន្ទីរ​កែប្រែ​ មន្ទីរ​លត់ដំ​ ដែល​មាន​ស្ទើរ​គ្រប់​ភូមិ​។ មន្ទីរ​អប់​រំ​នេះ​ អាច​មាន​សណ្ឋាន​ជា​ផ្ទះ​មួយ​ខ្នង​ ឬ​ដី​មួយ​កន្លែង​ នៅ​ក្នុង​ភូមិ​ ដែលគេ​​ប្រើ​សម្រាប់​ធ្វើ​ជា​គុក​។

គុក​ត្រូវ​បាន​ប្រើ​ដើម្បី​ឃុំឃាំង​មនុស្ស​ ដែល​ត្រូវ​បាន​ចោទ​ថា​លួច​អ្វី​ផ្សេង​ៗ​។ គុក​លក្ខណៈ​បែប​នេះ​ មាន​ស្ទើរ​គ្រប់​ភូមិ​ទាំង​អស់​ទូទាំង​ប្រទេស​។

លោក​ យិន​ គឹម​ហូយ​ គឺ​ជា​ម្ចាស់​ផ្ទះ​ តាំង​ពី​មុន​​របប​ខ្មែរ​ក្រហម​ ហើយ​ក៏​ជា​អ្នក​មាន​ជីវិត​រស់​រាន​ចេញ​ពី​របប​នោះ​ដែរ​ បាន​ឲ្យ​ដឹង​ថា៖ ​ទី​កន្លែង​គុក​នេះ​ កាល​មុន​របប​ខ្មែរ​ក្រហម មាន​ខ្ទម​មួយ​​។ ខ្ទម​នេះ​​ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​គុក​នៅ​សម័យ​ខ្មែរ​ក្រហម​។ លោក​ គឹម​ហូយ​​ បាន​វិល​ត្រលប់​ទៅ​ភូមិ​គាត់​វិញ​ ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ ហើយ​គាត់​បាន​ឃើញ​ថា​ កន្លែង​មាន​ខ្ទម​ពី​មុន​ បាន​ប្រែ​​ក្លាយ​ទៅ​ជា​គុក​ ដែល​មាន​សណ្ឋាន​ជា​ រូង​មាន​ទទឹង​២.៥ ម៉ែត្រ​ បណ្ដោយ​៤ ម៉ែត្រ​ និង​ជម្រៅ​២.៥​ម៉ែត្រ​។ ខ្មែរ​ក្រហម​យក​ឈើ​រនោង​​ផ្ទះ និង​​សសរ​ផ្ទះ មក​ធ្វើ​ជា​សសរ​មេ​ ហើយ​ដាក់​ឈើ​គង​បិត​ពី​លើ​ និង​ថែម​ទាំង​ចាក់​ដី​លុប​ឲ្យ​ជិតឈឹង​។

«វា​ទុក​ប្រហោង​តូច​មួយ​អញ្ចឹង​ទៅ ឲ្យ​មាន​រន្ធ​ខ្យល់​ចេញ​ចូល​ដូច​រន្ធ​កណ្ដុរ​អញ្ចឹង​។ វា​ទុក​តែ​ផ្លូវ​ចូល​។ ហើយ​ខ្យល់ វា ចេញ​ចូល​តែ​តាម​ហ្នឹង​ទៅ​ សម្រាប់​ដក​ដង្ហើម។ ក្ដៅ​ស្អុះ​គឺ​ក្ដៅ​ហើយ​ ព្រោះ​នៅ​ក្នុង​ដី​ងងឹត​ឈឹង​ហប់​ជិត​ងាប់​។»

ការ​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​នៅ​គុក​ងងឹត​នេះ​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​។​ ពេល​អ្នក​ទោស​ត្រូវ​បាន​បញ្ជូន​មក​ទី​តាំង​គុក​ភ្លាម​ អ្នកយាម​បង្ខំ​ឲ្យ​អ្នក​ទោស​ផឹក​ទឹក​អំបិល​មួយ​វែក​ និង​បបរ​មួយ​វែក​ រហូត​ទាល់​តែ​ពួក​គេ​ឈឺ​រាគ​ ចុះ​ស្គម​ស្គាំង​ស្ទើរ​តែ​មិន​អាច​ដើរ​បាន​។ បាន​ពួក​អ្នក​យាម​បញ្ជូន​អ្នក​ទោស​ទៅ​កន្លែង​សួរ​ចម្លើយ​។

លោក​ គឹម​ហូយ​ បាន​ឮ​ពី​អ្នក​ភូមិ​និយាយ​ថា​ គុក​នេះ​ត្រូវ​បាន​គេ​ប្រើ​ធ្វើ​ជា​កន្លែង​សួរ​ចម្លើយ​អ្នក​ទោស​អំពី​តួ​នាទី​ និង​មុខងារ​ កាល​ពី​មុន​ជំនាន់​ខ្មែរ​ក្រហម​។

«យើង​ឆ្លើយ​ត្រង់​ថា យើង​ធ្វើ​ទាហាន ធ្វើ​គ្រូ ធ្វើ​អី​អីចឹង វា​កត់​ទុក​ហើយ​។ សូរ​ចម្លើយ​ហើយ គេ​យក​ទៅ​ទួល​ខាងត្បូង​ទៅ​វ៉ៃ​ចោល​ហើយ​។ ដល់​ពេល​គេ​សួរ​ប៉ះ​ចំ​អ្នក(ស៊ី)ក្លូ​អ្នក​អីចឹង​ វា​ទុក​១​ដុំ។ អ្នក(ស៊ី)​ក្លូ​ កម្មករ វា​ដក​ទុក​១​ដុំ។ អា​ហ្នឹង​ យក​មក​ដាក់​កន្លែង​គុក​។»

ក្នុង​វ័យ​៧០​ឆ្នាំ​ អ្នកស្រី​ ព្រំ​ ស្រ៊ី​ បាន​ជម្លៀស​មក​រស់​នៅ​ភូមិ​មួយ​ក្បែរ​ភូមិ​ឫស្សី​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​។ អ្នកស្រី​ក៏​បាន​ដឹង​រឿងរ៉ាវ​ពី​គុក​ក្នុង​ភូមិ​ឫស្សី​នេះ​។ អ្នកស្រី​រំលឹក​ប្រាប់​ថា​ កាល​ជំនាន់​នោះ​ គាត់​ត្រូវ​បាន​គេ​ចាត់​ចូល​​ជា​ «ពួក​១៧​មេសា​» ដែល​ការ​ចាត់​​នេះ​ គឺ​សំដៅ​អ្នក​មក​ពី​ទីក្រុង​ មក​រស់​នៅ​ភូមិ​នានា​។ អ្នកស្រី​ ស្រ៊ី ត្រូវ​បាន​បញ្ជូន​មក​នៅ​ស្រុក​ព្រៃ​កប្បាស​។ កាល​ដំបូង​ឡើយ​ លោក​ស្រី​ពុំ​បាន​ដឹង​ពី​គុក​ងងឹត​នេះ​ទេ​ ទាល់​តែ​អ្នកស្រី​ឃើញ​គេ​ពាក់​ខោអាវ​របស់​មិត្ត​រួម​ការងារ​​គាត់​ម្នាក់​ ​ដែល​ទើប​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​ភូមិ​។

អ្នកស្រី​ ស្រ៊ី​ ឆ្ងល់​ពី​រឿង​នេះ​ណាស់​។​ ទី​បំផុត​ អ្នកស្រី​ ស្រ៊ី​ បាន​ស៊ើប​សួរ​គេ​ឯង​ ហើយ​ក៏​បាន​ដឹង​ថា​ពួក​ខ្មែរ​ក្រហម​បាន​យក​​មិត្ត​រួម​ការងារ​​ម្នាក់​នោះ​ទៅ​សម្លាប់​នៅ​គុក​ងងឹត​នេះ​ ដោយ​សារ​គាត់​ធ្លាប់​​ធ្វើ​ជា​គ្រូ​​បង្រៀន​។

«ពួក​១៧ អ្នក​ធ្វើ​គ្រូ ធ្វើ​ប៉ូលិស​ ធ្វើ​អី គេ​បញ្ជូន​ទៅ​ហ្នឹង។ ដល់​ពេល​គេ​យក​ទៅ​វ៉ៃ​ចោល វ៉ៃ​ចោល​នៅ​ភូមិ​ឫស្សី​ហ្នឹង​។»

ស្រដៀង​គ្នា​នេះ​ ក្នុង​វ័យ​១៤​ឆ្នាំ​ លោក​ ឆាំង​ យុ​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ភ្នំពេញ​ មក​កាន់​ភូមិ​ដូង​ ​ដែល​នៅ​ជាប់​នឹង​ភូមិ​ឫស្សី​ទី​តាំង​គុក​ងងឹត​នេះ​។ បង​ជីដូន​មួយ​លោក​ត្រូវ​បាន​មិត្ត​រួម​កុមារ​ភាព​​សម្លាប់​នៅ​ទី​នេះ​ព្រោះ​តែ​បង​ជី​ដូន​មួយ​ម្នាក់​នោះ​ធ្លាប់​ជា​ទាហាន​លន់​ នល់​ ។

«ពូ​មាន​បង​ស្លាប់​នៅ​ហ្នឹង​។ គឺ​ពេល​គេ​សម្លាប់​បង​ភី គឺ​គាត់​ស្រែក​ឮ​តើ​។ គាត់​ធ្វើ​ទាហាន​សម័យ​លន់ នល់​។ បង​ភី​គាត់​ស្រែក ស្រែក​ឡើង​ផ្អើល​ភូមិ​ហ្នឹង។ គាត់​ស្រែក​ខ្លាំង​មែនទែន​។»

លោក​ គឺម​ហូយ​ រៀបរាប់​ពី​របប​អាហារ​ក្នុង​គុក​នេះ​ តាម​អ្វី​ដែល​លោក​ផ្ទាល់​បាន​ឮ​ពី​អ្នក​ភូមិ​។

«គេ​មាន​ចាន​កា​ធុន​ធំ ហើយ​គេ​ដាក់​បបរ​ គេ​ឲ្យ​ចែក​ស្លាបព្រា​ម្នាក់​១​ៗ​នៅ​ក្នុង​ហ្នឹង។ ហើយ​អា​កា​ធុន​ហ្នឹង​គេ​ដាក់​ទរ​ អា​​ពី​កន្លែង​មាត់​ច្រក​ចុះ​ទៅ​ គេ​ដាក់​ក្បែរ​ហ្នឹង​ ហើយ​គេ​ឲ្យ​ស៊ី​បបរ គេ​គោះ​អាទរ​ហ្នឹង​ក្រាំង​ៗ​ គេ​ដឹង​ថា​ដល់​ពេល​បបរ​ហើយ​ៗ​បបរ​វា​ចាក់​បង្ហូរ​តាំង​ពី​លើ​ទៅ។»

បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ​ ទី​កន្លែង​នេះ​ មាន​សភាព​ស្ងាត់​ជ្រងំ​​។ លោក​ គឹម​ហូយ​ រំលឹក​​រៀបរាប់​​ឲ្យ​ដឹង​ថា​៖  «យើង​មក​វិញ មក​ដល់​ឃើញ​ផ្ទះ​ហ្នឹង​ មិន​មាន​មនុស្ស​ណា​នៅ ឃើញ​តែ​ផ្ទះ​ង៉ុក​ៗ​ហ្នឹង​។ ហើយ​មាន​សំពាយ​ខោអាវ​របស់​ពួក​អ្នក​គេ​យក​គាត់​មក​។»

«មក ឃើញ​តែ​ខ្នោះ​ដៃ ខ្នោះ​ជើង នៅ​ពេញ​ទឹក​ពេញ​ដី​ទី​ធ្លា​​។ ខ្នោះ​ដែក។​ នៅ​ពេញ​ទឹក​ពេញ​ដី​ហ្នឹង នៅ​ខាង​លើ ក្រោម​​ផ្ទះ កៀន​របង ស្អី​ៗ ហើយ​ខ្លះ​វា​ដាក់​មិន​ទាន់​អស់​ផង អា​វា​ធ្វើ​ទុក ដោត​ឡើង​ទាំង​ច្រឡាស​ៗ។ ពេល​មក​ដល់​ឃើញ​អា​បង្ហូរ ហើយ​អា​ទរ​ហ្នឹង​នៅ​ខាង​លើ​អស់​ហើយ វា​ដក។ អា​ទ្វារ​គុក​អី​ហ្នឹង របើក​របាញ​អស់​ហើយ។»

លោក​ យិន​ គឹម​ហ៊ី​ ប្អូន​ប្រុស​លោក​ គឹម​ហូយ​ បាន​ឃើញ​ទិដ្ឋភាព​គុក​ ក្រោយ​ពី​ពួក​​ខ្មែរ​ក្រហម​ចាក​ចេញទៅ​បាត់​។ លោក​ គឹម​ហ៊ី ​រៀបរាប់​ប្រាប់​នៅ​ទី​កន្លែង​នោះ​ថា​៖

«មក​ដល់​គឺ​ធុំ​ស្អុយ​ហ្មង ព្រោះ​ខ្មោច​ងាប់​កៀន​ៗ​ហ្នឹង​ព្រោះ​រណ្ដៅ​វា​កប់​ដាក់​ដី​តិចៗ​ទេ អញ្ចឹង​វា​ហើម។ នៅ​អត់​បាន​ទេ​។ បែក​ហើយ យើង​ចូល​នៅ​អត់​បាន​ទេ គឺ​ស្អុយ​អសោចិ៍​។»

«តែ​មក​ដល់​មាន​ឃើញ ដើម​កន្ទួត​មួយ វា​មាន​មែក​វា​ក្រឺត​​ៗ ដល់​អញ្ចឹង​គេ​យក​ប្រមាត់​មនុស្ស​មក​រុំ​លើ​មែក​ហ្នឹង​។ មក​ដល់​ឃើញ​តែ​ប្រមាត់​មនុស្ស​។ ប្រមាត់​ហ្នឹង​គឺ​អត់​ស្អុយ​ទេ។ ត្រូវ​ថ្ងៃ​វា​ក្រៀម​។»

ក្រោយ​មក​ លោក​ គឹម​ហូយ​ និង​ក្រុម​គ្រួសារ​លោក​ បាន​យក​ដី​លុប​បំពេញ​គុក​នោះ​ ហើយ​ពួក​គេ​ក៏​ត្រលប់​ចូល​មក​នៅ​ទី​នោះ​វិញ​។

សព្វ​ថ្ងៃ​នេះ​ មិន​មាន​ដាន​ណា​មួយ​អាច​បញ្ជាក់​ថា ​ទី​កន្លែង​នេះ​ធ្លាប់​ជា​កន្លែង​ឃុំ​ឃាំង​ទៀត​ឡើយ​ ព្រោះ​អ្នក​ភូមិ​បាន​យក​កន្លែង​នេះ​ទៅ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ធម្មតា​វិញ​ ដោយ​បម្លែង​គុក​នេះ​ទៅ​ជា​រោង​បាយ​​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លោក​ ឆាំង​ យុ​ ធ្វើ​ការងារ​លើ​​ចង​ក្រង​ការ​ចង​ចាំ​ និង​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ លោក​ យុ​ ជឿ​ជាក់​ថា​ វត្ថុ​តាង​នៃ​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​គូរ​តែ​រក្សា​អភិរក្ស​ទុក​។ យ៉ាង​ណា​មិញ​ រូប​លោក​ក៏​យល់​ឃើញ​ថា​ តម្រូវ​ការ​របស់​ប្រជាជន​រឹត​តែ​​គូរ​​ជា​អាទិភាព​ជាង​គោល​បំណង​នៃ​ការ​អភិរក្ស​នោះ​ទៅ​ទៀត​។

«យើង​ពិបាក​នឹង​បន្ទោស​ណាស់។ សេចក្ដី​ត្រូវការ​ចំពោះ​មុខ ប្រឈម​នឹង​សេចក្ដី​ត្រូវ​ការ​ប្រវត្តិសាស្ត្រ​។ ដោយសារ​រដ្ឋ​មាន​លទ្ធភាព​ទាប កម្ពុជា​ក្រ​ខ្វះ​លទ្ធភាព យើង​មិន​អាច​បង្ខំ​មិន​ឲ្យ​ប្រជាជន​ប្រើប្រាស់​កន្លែង​ទាំងអស់​នោះ ប្រសិន​យើង​គ្មាន​លទ្ធភាព​ទៅ​ធ្វើ​ស្អី​មួយ​។»

លោក​ យុ​ ផ្ដល់​ជា​ដំណោះស្រាយ​ថា​ រូប​លោក​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ធ្វើ​ជា​សារាចរ​មួយ​។ ក្នុង​សារាចរ​នោះ​ គឺ​ស្នើ​​រដ្ឋ​អំណាច​ថ្នាក់ក្រោម​ទាំង​អស់​ឲ្យ​មាន​គំនិត​ផ្ដួច​ផ្ដើម​ថែរក្សា​ទី​កន្លែង​សំខាន់​ៗ​ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​៕

ព្រះអាទិត្យរៀបអសង្គតនៅតាមផ្លូវជាតិលេខ២ ។
ផ្ទះព័ណ៌ខៀវដែលបានសង់ពីលើអតីតគុកនៅក្នុងសម័យខ្មែរក្រហម
សាច់រឿងថ្មីៗ

ជីវិតប្រចាំថ្ងៃដែលត្រូ...

ឆាំង យុ
កំណត់និពន្ធ៖ កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ លោក​ ឆាំង​ យុ​ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា ​បា...

អាពាហ៍ពិពាហ៍ខ្មៅងងឹត

សេង សូលីដេត
តាំងពីរបបខ្មែរក្រហមទទួលបានជ័យជំនះនៅឆ្នាំ១៩៧៥ ប្រជាជនមួយចំនួនត្រួវបាន ខ្មែរក្រហម បង្ខំឲ្យ រៀបការ។ ដោយ...

តស៊ូអធិដ្ឋានក្រោមរបបខ្...

ហ្សះរ៉ន សុក្រី
ការថ្វាយបង្គំព្រះជាសរស្តមមួយនៃគោលការណ៍គ្រឹះក្នុងសាសនាឥស្លាម ហើយអ្នកមូស្លីមគ្រប់រូបមានកាតព្វកិច្ចគោរព...