អាងទឹកត្រពាំងថ្ម ឬអាងត្រពាំងថ្ម ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតធំមួយ ដែលបច្ចុប្បន្នមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មិនឆ្ងាយប៉ុន្មានពីទីរួមស្រុក ដែលជាកូនក្រុងតូចមួយមានគូទឹកព័ទ្ធជុំវិញ។ កំណើតអាងទឹកទំហំធំមួយនេះមានដំណើរផ្ដើមចេញពីសម័យអង្គរមកម្ល៉េះ ដោយមានផ្លូវបុរាណកាត់លើខ្នងទំនប់ជាមាគ៌ាធ្វើដំណើរពីទីក្រុងយសោធបុរៈ (ក្រុងសៀមរាប) ទៅកាន់តំបន់ប្រាសាទបន្ទាយឆ្មារ និងភូមិសាស្ត្រដទៃទៀតនៅខ្ពង់រាបប៉ែកឥសានប្រទេសថៃ។