ដោយ ការីនិពន្ធ
ប្រវត្តិសាស្ត្រខ្មែរក្រហម អាចនិយាយបានថាបានបិទទំព័រនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺនៅពេលដែលក្រុមកងទ័ពខ្មែរក្រហមចុងក្រោយបានធ្វើសមាហរណកម្មចុះចូលរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ១៩៩៩។ តាម៉ុក ដែលជាមេបញ្ជាការខ្មែរក្រហម បានចុះចាញ់កងទ័ពរដ្ឋាភិបាលកម្ពុជា នាចុងឆ្នាំ១៩៩៨ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំបូករួមទាំងការព្យាយាមចរចាដើម្បីសន្តិភាព។
ខុសពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលមនុស្សជាច្រើនត្រូវបង្ខំឲ្យធ្វើពលកម្មធ្ងន់ និងខ្វះរបបអាហារ ប្រជាពលរដ្ឋក្នុងតំបន់អន្លង់វែងទទួលបានការទំនុកបម្រុងគ្រប់គ្រាន់។ តាម៉ុកបានដឹកនាំការកសាងជាច្រើន ដូចជាមន្ទីរពេទ្យ សាលារៀន ស្ពាន និងទំនប់។ មនុស្សជាច្រើននៅតំបន់នេះគោរពតាម៉ុកយ៉ាងខ្លាំង។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះធ្វើឲ្យតំបន់អន្លង់វែងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរក្រហម៕