ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

ដោយ ការី​និពន្ធ

ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ឬ​ស្តាត​អូឡាំពិក​ បាន​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​១៩៦៤ ​សម្រាប់​គម្រោង​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​បោះ​បង់​ទៅ​វិញ ដោយសារ​​ហេតុ​ផល​នយោបាយ​​នា​ជំនាន់​នោះ​​។ បច្ចុប្បន្ន​ពហុកីឡាដ្ឋាន​នេះ​គឺ​ជា​កន្លែង​ហាត់​ប្រាណសាធារណៈ​ សម្រាប់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ សម្រាប់​អត្តពលិកហាត់​ត្រៀម​ប្រកួត​កីឡា ក៏​ដូច​ជា​សម្រាប់​ការ​ប្រារព្ធ​ពិធី​ធំៗ​ ដោយ​សារសមត្ថភាព​ក្នុង​ការ​​ផ្ទុក​មនុស្សបាន​​រហូត​ដល់​៧០០០០​នាក់។

នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ស្តាត​អូឡាំពិក​ក៏​ត្រូវ​បាន​ប្រើប្រាស់ជា​កន្លែងសម្រាប់​ប្រារព្ធពិធីធំៗ​​​ជា​ច្រើន​ មាន​ដូច​ជា​មហាសន្និបាត​​បក្ស​កុម្មុនីស្ត​កម្ពុជា​​ ការ​ប្រារព្ធ​ពិធី​ខួបបក្សឬ​មិទិ្ទញ​ជា​ដើម។

តាម​រយៈសក្ខីកម្ម​នៅ​តុលាការ​ខ្មែរ​ក្រហមរបស់​អតីតយោធា​ខ្មែរ​ក្រហម​ម្នាក់ (លោក​ត្រូវ​បាន​សម្គាល់​ដោយ​លេខកូដ 2-TCW-900 ) ​បាន​ឲ្យ​ដឹង​ថា​ ស្តាត​អូឡាំពិក​ក៏​ជា​ទីបញ្ជាការ​​​របស់​កងពល​១៤ ដែល​ក្រោយ​មក​ដូរឈ្មោះ​ ​ជា​កងពល ៨០១ ​ក្នុងចុង​​ឆ្នាំ​១៩៧៥។ កង​ពល​១៤​ ឈរ​ជើង​ការពារ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​រាជាយស្ម័យាន​រហូត​ដល់​ក្បែរ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង។ ក្រោយ​មក​កងពល​៨០១ ត្រូវបាន​​បញ្ចូន​ទៅ​ឈរ​ជើង​នៅ​ខេត្ត​រតនគិរី​ ព្រំប្រទល់​ប្រទេស​វៀតណាម៕

ព័ត៌មានមានប្រយោជន៍ថ្មីៗ