ដោយ ការីនិពន្ធ
ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីជាការឧទ្ទិសថ្វាយគោរពបូជាដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះគឺជានិម្មិតរូបនៃមោទនភាពជាតិរបស់ខ្មែរគ្រប់ជំនាន់ តាំងតែពីការទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣មក ត្បិតតអីគ្រប់របបគ្រប់គ្រងរដ្ឋពីមួយដំណាក់កាលទៅមួយដំណាក់កាលសុទ្ធតែបានចារឹកប្រាសាទអង្គរវត្តនៅក្នុងទង់ជាតិតំណាងរបបគ្រប់គ្រងរបស់ខ្លួន។
របបកម្ពុជាប្រជាធិបតេយ្យក៏ដូចគ្នា។ ទង់ជាតិផ្លូវការរបស់ប្រទេសក្នុងរបបមួយនេះបានចារឹកប្រាសាទអង្គរវត្តកំពូលបីពណ៌លឿង និងមានផ្ទាំងវាលពណ៌ក្រហមនៅពីខាងក្រោយ។ ខុសប្លែកពីសំណង់វប្បធម៌ប្រវត្តិសាស្ត្រជាច្រើនកន្លែងផ្សេងទៀតដែលត្រូវបានរបបកុម្មុយនីស្តជ្រុលនិយមធ្វើការបំផ្លិចបំផ្លាញ និងកែច្នៃធ្វើជាទីតាំងរដ្ឋបាល សន្តិសុខ បម្រើរបបរបស់ខ្លួន ប្រាសាទអង្គរវត្តត្រូវបានទុកចោលឱ្យនៅទំនេរ ដោយមិនមានការថែទាំជួសជុល ឬក៏មានឯកសារណាបញ្ជាក់ថាពួកខ្មែរក្រហមបានប្រើប្រាស់ទីតាំងប្រាសាទដែលមានគូទឹកព័ទ្ធជុំវិញនេះ ក្នុងប្រយោជន៍អ្វីជាដុំកំភួនឡើយ។
រដ្ឋាភិបាលនៃកម្ពុជាប្រជាធិបតេយ្យ ថែមទាំងបានបង្ហាញប្រាសាទអង្គរវត្តនេះដល់មិត្តបរទេសដ៏តិចតួចរបស់ខ្លួន កាលណាពួកនោះពើបប្រសព្វនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដូចយ៉ាងគណៈប្រតិភូនៃគណបក្សកុម្មុយនីស្តន័រវែស (Norwegian AKP) ក្រុមគាំទ្រចលនាកុម្មុយនិស្តស៊ុយអ៊ែត និងក្រុមអ្នកកាសែតដែលមាន អ្នកស្រី អេលីហ្សាប៊ែត បេកឃ័រ (Elizabeth Becker) អ្នកនិពន្ធសៀវភៅ “នៅពេលដែលសង្រ្គាមរលត់ទៅ” (When the War Was Over) ក៏ត្រូវបានខ្មែរក្រហមអនុញ្ញាតិឱ្យដើរទស្សនាប្រាសាទថ្មដ៏ធំស្កឹមស្កៃនេះដែរ។
នៅពេលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំទៅ និងក្នុងចំណេរក្រោយៗមកទៀត ប្រាសាទអង្គរវត្ត និងតំបន់ប្រាសាទបុរាណដទៃទៀតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញបានទទួលការថែទាំជួសជុលជាបន្តបន្ទាប់ និងបានក្លាយជាចំណុចទាក់ទាញទេសចរខ្មែរ និងបរទេសរាប់លាននាក់ក្នុងមួយឆ្នាំៗ៕