ដោយ ប៊ុន សៅសុភនាថ
សេរីភាពនៃការនិយាយស្តីគឺជាសិទិ្ធដែលប្រជាជនកម្ពុជាគួរតែទទួលបាន។ ប៉ុន្តែសិទិ្ធមួយនេះត្រូវបានរឹតត្បិតនៅក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្មែរក្រហម មិនមានចែងពីច្បាប់នៃសិទ្ធិសេរីភាពការបញ្ចេញមតិផ្ទាល់ខ្លួនឡើយ ប៉ុន្តែអ្នកដែលបាននិយាយរិះគន់បដិវត្តន៍ ឬបញ្ចេញគំនិតផ្ទុយពីបដិវត្តន៍ត្រូវប្រឈមនឹងការឃុំឃាំង ការធ្វើទារុណកម្ម និងការសម្លាប់។ អ្នកភូមិតែងតែប្រើពាក្យ “ដាំដើមគរ” ដែលមានន័យថា “ស្ងៀមស្ងាត់” ដើម្បីរំលឹកគ្នាទៅវិញទៅមក។ អ្នករស់រានពីសម័យខ្មែរក្រហមសុទ្ធតែយល់និងស្គាល់ពាក្យ “ដាំដើមគរ” នេះ។ ខាងក្រោមនេះគឺជាបទយកការណ៍បង្ហាញពីការគាបសង្កត់លើការនិយាយស្តីនៅក្នុងរបបខ្មែរក្រហម។