ដោយ ទី កញ្ញា, ហ៊ីង សុជាតា, ម៉េង សុខហួយ
បច្ចុប្បន្ន ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើវិស័យទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការលើកស្ទួយមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ នៅក្នុងសម័យខ្មែរក្រហមដែលជាសម័យកាលមួយល្បីបំផុតខាងសម្លាប់រង្គាល បំផ្លិចបំផ្លាញសិល្បៈ និងវប្បធម៌គ្រប់បែបគ្រប់ទម្រង់នោះ អង្គរវត្តមិនត្រឹមតែត្រូវបានថែរក្សាយ៉ាងសមរម្យតែប៉ុណ្ណោះទេតែថែមទាំងជាកន្លែងមួយដ៏សំខាន់បំផុតសម្រាប់គណៈប្រតិភូបរទេសទៅទស្សនាបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេជាមួយកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ លោក សរ សារិន គឺជាអតីតអ្នកបើកបររថយន្តបានរៀបរាប់អំពីដំណើរទស្សនកិច្ចនេះ និងទិដ្ឋភាពនៅប្រាសាទអង្គរវត្តនាអំឡុងពេលនោះ។ លោក សួង ស៊ីគឿន គឺជាអតីតជំនួយការ លោក អៀង សារី ក៏បានបកស្រាយពីមូលហេតុនៅពីក្រោយរឿងនេះ។