ដោយ ការីនិពន្ធ
អតីតភូមិគ្រឹះ ឈិត ជឿន ហៅ តាម៉ុក លេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំភូមិភាគនិរតី នៃរបបកម្ពុជាប្រជាធិបតេយ្យជាគេហដ្ឋានមាត់បឹង ដែលសព្វថ្ងៃមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ បរិវេណនៃគេហដ្ឋានមានទំហំប្រហែលមួយហិកតា។ ចាប់តាំងពីឆ្នាំ២០១២មក ផ្ទះតាម៉ុកត្រូវបានកែលម្អទៅជាអគារសិក្សារបស់សាខាប្រចាំខេត្តតាកែវ នៃសាកលវិទ្យាល័យឯកជនបៀលប្រាយ។ ផ្ទះថ្មដែលដើមឡើយមានកំពស់៣ជាន់ ត្រូវបានសាងសង់បន្ថែមនាផ្ទៃខាងលើ ដោយប្រក់ដំបូលបន្ថែមមួយជាន់ទៀត។ ផ្ទះដ៏ធំនេះសង់នៅដីទួលលើជ្រោយលយចូលទៅក្នុងបឹង ដែលគេអាចមើលឃើញក្រុងដូនកែវពីចម្ងាយនៅម្ខាងទៀតនៃបឹង។ អគារថ្មីមួយទៀត ត្រូវសង់បន្ថែមដើម្បីសម្រួលដល់ដំណើរការសាកលវិទ្យាល័យ។ ស្ពានដែលភ្ជាប់ពីផ្លូវជាតិទៅកាន់បរិវេណផ្ទះតាម៉ុក ទំនងជាត្រូវបានសង់ចាប់តាំងពីឆ្នាំ១៩៦០។ មុននឹងដំណើរការសាកលវិទ្យាល័យនេះ ផ្ទះតាម៉ុកត្រូវបានប្រើប្រាស់ជាសាលាហ្វឹកហ្វឺនរបស់នគរបាលខេត្ត៕