ដោយ ការីនិពន្ធ
សណ្ឋាគារនេះត្រូវបានគេស្គាល់ដំបូងថាជាសណ្ឋាគារឡឺរ៉ូយ៉ាល់ (Le Royal) ចាប់តាំងពីការចាប់ផ្តើមដំបូង និងអំឡុងសម័យ អាណានិគមបារាំង រហូតមកដល់ចុងបញ្ចប់នៃរបបសង្គមរាស្រ្តនិយមនៅឆ្នាំ១៩៧០។ ក្រោយមកសណ្ឋាគារនេះត្រូវបានប្តូរឈ្មោះទៅជាសណ្ឋាគារឡឺភ្នំ (Le Phnom) នៅក្នុងរបបលន់នល់រហូតដល់ឆ្នាំ១៩៧៥។ ឈ្មោះនេះត្រូវបានគេជឿថាត្រូវបានស្ដារមកជាសណ្ឋាគារឡឺរ៉ូយ៉ាល់ឡើងវិញនៅក្នុងសម័យខ្មែរក្រហម។ សណ្ឋាគារនេះត្រូវបានគេស្គាល់ថាជាសណ្ឋាគារសម្រាប់ទទួលគណប្រតិភូបរទេសនានាចាប់តាំងពីដំណើរប្រតិបត្តិការដំបូងនាដើមទសវត្សរ៍ទី៣០។
ចាប់ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សណ្ឋាគារឡឺភ្នំគឺជាកន្លែងស្នាក់នៅនិងធ្វើការរបស់អ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិមួយចំនួន ដើម្បីរាយការណ៍អំពីសង្គ្រាមស៊ីវិលដែលកើតមានឡើងនៅកម្ពុជា។ ប៉ុន្មានថ្ងៃមុនការដួលរលំនៃក្រុងភ្នំពេញ គឺថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ សណ្ឋគារនេះត្រូវបានប្រកាសជា «តំបន់សន្តិសុខកាកបាទក្រហមអន្តរជាតិ» ជាតំបន់ស គ្មានវត្តមានយោធា ដើម្បីព្យាបាលអ្នករងរបួសនិងអ្នកជំងឺ។
ក្រោយសម័យខ្មែរក្រហមបានបញ្ចប់ សណ្ឋាគារនេះបានប្តូរឈ្មោះមកជា សណ្ឋាគារសាមគ្គី និងចុងក្រោយបង្អស់ប្តូរមកជាសណ្ឋាគារ Raffle Le Royal ក្នុងឆ្នាំ១៩៩៧៕