The Grand Cathedral of Phnom Penh
ដោយ ការីនិពន្ធ
ព្រះវិហារកាតូលិកនេះបញ្ចប់ការសាងសង់ក្នុងឆ្នាំ១៩៦៥ ក្រោមជំនួយរបស់រដ្ឋាភិបាលបារាំង ហើយមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់១០,០០០ នាក់។ ព្រះវិហារធំនេះអាចមើលឃើញពីវត្តភ្នំ។
ភ្លាមៗក្រោយខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញ កម្មាភិបាលខ្មែរក្រហមបានបញ្ជារឲ្យកំទេចព្រះវិហារនេះ ដោយការវាយបំបែកដោយញញួរ ហើយបាត់រូបរាងទាំងស្រុងក្នុងឆ្នាំ១៩៧៦។ ដែកដែលជាគ្រោងឆ្អឹងនៃអគារនេះត្រូវបានរំលាយធ្វើជាដែកគោល។ ការបំផ្លិចបំផ្លាញព្រះវិហារដ៏ធំសម្បើមនេះ គឺជានិមិត្តរូបនៃជ័យជំនះសម្រាប់ខ្មែរក្រហមក្នុងការបំផ្លាញវត្តមានចក្រពត្តិនិយមវៀតណាមពីរាជធានីភ្នំពេញ ដែលនាពេលនោះពីរភាគបីនៃអ្នកកាន់សាសនាគ្រីស្តនិកាយកាតូលិកគឺជាជនជាតិវៀតណាម។
នាពេលបច្ចុប្បន្ន មាននៅសេសសល់តែរបងមួយផ្នែកតូច និងអគារស្នាក់នៅរបស់ដូនជីដែលបច្ចុប្បន្នជាអគាររដ្ឋបាលនៃសាលារាជធានីភ្នំពេញ។ ទីតាំងនៃព្រះវិហារនេះត្រូវបានជំនួសដោយអគារថ្មីស្រឡាងនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕