វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ មន្ទីរ ក-១៥
ដោយ ការីនិពន្ធ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិកណូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ក្រោមជំនួយរបស់សហភាពសូវៀត ដែលមានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពខ្មែរ-សូវៀត។
ដោយសារមានទីតាំងមិនឆ្ងាយពីព្រលានយន្តហោះពោធិ៍ចិនតុង អគារក្នុងវិទ្យាស្ថាននេះត្រូវបានខ្មែរក្រហមប្រើប្រាស់ជាកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ក្រុមអតីតនិស្សិត បញ្ញវន្តខ្មែរ ដែលត្រលប់មកកម្ពុជាវិញក្រោយខ្មែរក្រហមឡើងកាន់អំណាច រួមមានអ្នកការទូត សមាជិករណសិរ្សរួបរួមជាតិកម្ពុជា (រដ្ឋាភិបាលនិរទេសនៃកម្ពុជាដែលដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ មានមូលដ្ឋាននៅទីក្រុង ប៉េកាំង នៅចន្លោះរវាងឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ១៩៧៦)។ ខ្មែរក្រហមបានហៅ សាលានោះថា មន្ទីរ ក.១៥។ ក្រុមបញ្ញវន្តបានទទួលការអប់រំកសាងអំពីមាគ៌ាបក្សកុម្មុយនិស្តកម្ពុជាអស់រយៈពេល៣ថ្ងៃមុននឹងពួកគេត្រូវបានផ្លាស់ទីទៅកាន់តំបន់ផ្សេង ទៀត។
សហភាពសូវៀតបានគាំទ្រឡើងវិញដល់ដំណើរការនៃវិទ្យាស្ថាននេះ ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩១។ ក្រោយពេលសហភាពសូវៀតដួលរលំទៅ រដ្ឋាភិបាលបារាំងបានបន្តវេនគាំទ្រវិទ្យាស្ថាននេះ ដែលការគ្រប់គ្រង ស្ថិតនៅក្រោមទីភ្នាក់ងារឧត្តមសិក្សានៃក្រុមប្រទេសនិយាយភាសាបារាំង ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤ ។ បច្ចុប្បន្នវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈស្ថិតក្រោមក្រសួងអប់រំយុវជននិងកីឡា៕