ដោយ ផេង សុភានាថ
វត្តស្ងួនមានទីតាំងនៅឃុំកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានស្គាល់ថាជាមន្ទីរសន្តិសុខក្នុង របបខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខប្រចាំស្រុកអង្គស្នួល ដោយប្រមូល អ្នកទោសមកពីគ្រប់ឃុំ ដោយប្រើប្រាស់ទីតាំងនៅក្នុងវត្តស្ងួនពេជ្រនេះសម្រាប់ការឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ចោល នេះបើយោងតាមឯកសារទស្សនាវដ្តីស្វែងរកការពិត បោះពុម្ភផ្សាយ ក្នុងត្រីមាសទី២ ឆ្នាំ២០១០ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
នៅក្នុងអត្ថបទមួយដែលមានចំណងជើង “រំលឹកថ្ងៃចងចាំ៖ មន្ទីរបូជនីយដ្ឋានវត្តស្ងួនពេជ្រ” បានសរសេរ ដោយលោកផឹង ពង្សរ៉ាស៊ី បានឲ្យដឹងថាជនរងគ្រោះនៅទីនោះមានទាំងប្រជាជន ថ្មីដែលត្រូវ បាន ចោទប្រកាន់ថាជា ខ្មែរស សេអ៊ីអា កាហ្សេបេ អតីតមន្រ្តីរបបចាស់ ព្រមទាំងប្រជាជនមូលដ្ឋាន ដែល មិនគោរព តាមបទបញ្ជារបស់អង្គការ ឬ មិនបានបម្រើបដិវត្តន៍ឱ្យបានល្អ។ ក្នុងនោះផងដែរក៏មាន អ្នកទោស ជាជនជាតិភាគតិច ចិន និងចាម ផងដែរ។ បូជនីយដ្ឋានមួយត្រូវបានសាងសង់ឡើង ក្នុងបរិវេណវត្តស្ងួនពេជ្រ កាលពីឆ្នាំ២០១០ ដើម្បីចងចាំការរងទុក្ខវេទនាក្នុងរបបខ្មែរក្រហម និងឧទ្ទិសដល់អ្នកដែល បានស្លាប់ ក្នុងរបបខ្មែរក្រហមនោះ។