ដោយ ឆាំង យុ
ការចងចាំគឺជាយុត្តិធម៌ ការបំភ្លេចគឺជាបទឧក្រិដ្ឋ
នៅឆ្នាំ១៩៧៥ ខ្ញុំមានអាយុ១៤ ឆ្នាំ។ចំពោះការរៀបរាប់អំពីជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងរបបខ្មែរក្រហម ពាក្យដំបូងដែលខ្ញុំនឹកឃើញដល់នោះ គឺពាក្យថា “ភាពឯកោ”។
មនុស្សគ្រប់រូបមើលទៅដូចៗគ្នា តាំងពីការកាត់សក់ ពណ៌សម្បុរ និងការស្លៀកពាក់ ហើយយើងក៏និយាយភាសាតែមួយដូចគ្នាដែរ ប៉ុន្តែ យើងគ្រប់គ្នារស់នៅហើយពឹងផ្អែកខ្លួនឯងទាំងស្រុង។ យើងមិនអាចទុកចិត្តនរណាម្នាក់បានឡើយ សូម្បីតែសមាជិកគ្រួសាររបស់យើងនៅពេលខ្លះ ឬមិត្តភក្តិជិតស្និទ្ធរបស់យើងផ្ទាល់ ពីព្រោះមនុស្សគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នរៀងៗខ្លួន។ ភាពឯកោ បានជ្រាបចូលក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ហើយពិតជាសមស្របទៅនឹងគោលបំណងខ្មែរក្រហម ចំពោះការគ្រប់គ្រងលើប្រជាជនកម្ពុជា។
នៅពេលគោលគំនិតកាន់តែជាក់ស្ដែង ជីវិតត្រូវបានដាក់នៅកម្រិតទាបបំផុត។ គ្មានពេលវេលា។ គ្មាននរណាម្នាក់មាននាឡិកាមើលម៉ោង ឬនាឡិកាដៃនោះទេ ដូចេ្នះពេលវេលាត្រូវបានកំណត់ដោយព្រះអាទិត្យរះ ព្រះអាទិត្យលិច ឬមាន់រងាវ ក៏ប៉ុន្តែខ្មែរក្រហមចង់រៀបចំរយៈពេលនៃថ្ងៃនីមួយៗ។ ខ្ញុំភ្ញាក់ឡើងដំណាលគ្នានឹងព្រះអាទិត្យរះ និងធ្វើការនៅតាមវាលស្រែរហូតដល់ឈប់សម្រាកហូបអាហារថ្ងៃត្រង់លើកទីមួយរយៈពេលប្រហែល១៥នាទី។ របបអាហារដែលទទួលបាន គឺមានត្រឹមតែបបររាវតែប៉ុណ្ណោះ ហើយនៅតំបន់៥ យើងទទួលបានតែទឹក២ស្លាបព្រាក្នុងមួយថ្ងៃនារដូវប្រាំង ពីព្រោះនៅតំបន់នេះខ្វះខាតទឹកស្អាតខ្លាំងណាស់។
សម្លៀកបំពាក់របស់យើងដាច់រហែក ហើយយើងគ្មានស្បែកជើងពាក់ទេ។ ប្រសិនបើយើងចង់បោកសម្អាតសម្លៀកបំពាក់ គឺយើងគក់នៅក្នុងបង្គី។ ពេលវេលាប្រចាំថ្ងៃត្រូវបានទទួលរងឥទ្ធិពលដោយការបង្ខំឲ្យធ្វើការងារនៅក្នុងស្រែ ថែមទាំងមានការចាក់បទចម្រៀងកុម្មុយនីស្តផ្សេងៗតាមឧបករណ៍បំពងសំឡេង។ នៅពេលល្ងាចបានមកដល់ យើងទទួលបានបបររាវម្តងទៀត។ យើងគ្រប់គ្នាត្រូវតែធ្វើការសារភាពពីកំហុសដែលខ្លួនបានប្រព្រឹត្តរៀងរាល់ល្ងាចទៅកាន់អង្គប្រជុំ ដូចជាការនឹករឭកដល់ម្តាយ រហូតគិតដល់ទឹកក្រូច ឬនំបុ័ង។ ការឆ្លើយសារភាព គឺជាវិធីសាស្រ្តមួយនៃការគ្រប់គ្រងរបស់ខ្មែរក្រហម។
ចម្លើយសារភាព មានតួនាទីជាឧបករណ៍គ្រប់គ្រងរបស់ខ្មែរក្រហមមួយផ្សេងទៀត។ ប្រសិនបើមេដឹកនាំខ្មែរក្រហមចូលចិត្តយើង នោះយើងនឹងត្រូវបានលើកលែងទោសឲ្យ ប៉ុន្តែប្រសិនបើមេកងមិនពេញចិត្តយើង កំហុសរបស់យើងអាចត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋ ហើយនៅពេលនោះយើងអាចត្រូវបាននាំយកទៅធ្វើទារុណកម្ម ឬសម្លាប់។ រៀងរាល់យប់ងងឹត គឺពោរពេញទៅដោយគំនិតនៃការរត់គេចខ្លួន។ រាល់ពេលរាត្រី ដែលគ្មានព្រះចន្ទ ត្រូវបានបំពេញដោយគំនិតរត់គេចពីទុក្ខវេទនា និងសេចក្ដីស្លាប់។ យើងតែងតែព្យាយាមរត់គេចខ្លួននៅពេលយប់ទៅតាមស្ថានភាពជាក់ស្តែង ដោយមនុស្សមួយចំនួនរត់គេចបានដោយជោគជ័យ ខណៈពេលដែលអ្នកខ្លះទៀតទៀតត្រូវបានខ្មែរក្រហមចាប់ខ្លួន។
វាពិតជាពិបាកក្នុងការស្រមើស្រមៃអំពីជីវិតបែបនោះនៅពេលសព្វថ្ងៃនេះ ដែលគ្មានបង្គន់ ច្រាសដុសធ្មេញ សាប៊ូ ស្បែកជើង ឬសម្ភារផ្សេងៗដែលចាំបាច់សម្រាប់ការរស់នៅរបស់មនុស្ស។បងស្រីខ្ញុំគ្មានសម្ភារអនាម័យសម្អាតខ្លួនប្រាណសម្រាប់ស្រ្តីឡើយ ហើយប្រសិនបើអ្នកធ្លាក់ខ្លួនឈឺអ្នកនឹងប្រឈមមុខខ្ពស់ នឹងសេចក្តីស្លាប់ដោយសារតែកង្វះ ការថែទាំសុខភាព។ ប្រជាជន ជាច្រើនបានស្លាប់ដោយសារការបាក់កម្លាំង ឬនៅអំឡុងពេលនៃរដូវក្តៅ ទឹកភ្លៀងអាចបង្កឲ្យមានជំងឺ។រឿងរ៉ាវទាំងអស់នេះគឺជាអ្វីដែលបានកើតឡើងចំពោះជីវិតប្រចាំថ្ងៃនៅក្នុងរបបខ្មែរក្រហម ហើយបានអូសបន្លាយអស់រយៈពេលប្រហែល៤ឆ្នាំ។