ដោយ បូរិន សុភាវត្តិ/ សែម ប៉ារូដា
ក្នុងឆ្នាំ១៩៧០ នៅជើងភ្នំ “ដំរីរមាល” ខេត្តតាកែវ តាមព្រៃជ្រៅមួយដែលមានទីតាំងនៅស្រុកត្រាំកក់ មានមន្ទីរដែលបង្រៀននយោបាយ។ មន្ទីរនេះ មានឈ្មោះ ថា ”មន្ទីរ ១៦០” ឬដែលត្រូវបានអ្នកភូមិជំនាន់នោះស្គាល់ថា “សាលានយោបាយ”។ មន្ទីរនេះធ្លាប់បានជ្រើសរើសសិស្សឲ្យទៅ រៀន នយោបាយ។ នៅពេលរៀនចប់ សិស្សទាំងអស់ត្រូវបានអ្នកគ្រប់គ្រងមន្ទីរនោះតម្រូវឲ្យឃោសនាផ្សព្វផ្សាយពីអ្វីដែលខ្លួនបានរៀនទៅដល់អ្នកភូមិបន្ត។ ក្រុមការងារទីចងចាំជួបជាមួយអតីតសិស្សនៅមន្ទីរនោះ។ លោកមានឈ្មោះថាប៉ាញ សំអុន។ គាត់មានអាយុ ៧១ ឆ្នាំ ហើយសព្វថ្ងៃប្រកបមុខរបរជាកសិករនៅក្នុងស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ។